
សាររំលឹកពីអនុស្សាវរីយ៍នេះ អ្នកស្រី ប៊ូ រចនា សរសេរថា ពីរឆ្នាំកន្លងផុតទៅ សេចក្តីស្រឡាញ់ សុភមង្គល និងភាពរីករាយ បានត្រឹមឲ្យអ្នកស្រី អោបក្រសោបនូវរាល់ការចងចាំរបស់ប្តីតែប៉ុណ្ណោះ។ អ្នកស្រីរៀបរាប់ នូវពាក្យពេជ្រជាច្រើនដូចជា” ខ្ញុំនៅតែចងចាំពេលវេលាយើងទៅញាំគុយទាវពេលព្រឹកជុំគ្នា ខ្ញុំចងចាំពេលបងត្រឡប់មកដល់ផ្ទះវិញ ពិសាបាយ ខ្ញុំចងចងចាំពេលបងជូនអូនទៅផ្សារ ខ្ញុំចងចងចាំពេលបង សើចលេងជាមួយនឹងកូនៗ ខ្ញុំចងចាំរាល់ពេលយើងសប្បាយរីករាយ និងពេលកើតទុក្ខ អូនចងចាំសកម្មភាពគ្រួសាររបស់ពួកយើង តែពលរដ្ឋខ្មែរចងចាំការលះបង់របស់បង។ ជាប្រពន្ធ និងជាកូនៗរបស់បង ពួកយើងរំភើប ពីព្រោះថា រូបបងមិនត្រឹមតែស្ថិតក្នុងចិត្តរបស់អូន និងកូនៗទេ បងស្ថិតនៅក្នុងការចងចាំ របស់ពលរដ្ឋខ្មែរ។ ពួកគេបានដាក់ងារឱ្យបង ថា លោក បណ្ឌិត កែម ឡី” ។
អ្នកស្រីបន្ថែមថា ថ្ងៃទី១០កក្កដាឆ្នាំ២០១៦ កាលពី២ឆ្នាំមុន ជាថ្ងៃដែលស្វាមី បានចាកចេញទៅឆ្ងាយ ហើយយុត្តិធម៌ក៏ហាក់នៅឆ្ងាយសែនឆ្ងាយ។ អ្នកស្រីបញ្ជាក់ថា ទោះបីយើងមិននិយាយចេញ តែគ្រប់គ្នាដឹងថា មានអ្វីបានកើតចំពោះស្វាមីនាងខ្ញុំ។ អ្នកស្រីបន្តថា ពួកយើងស្ងៀមស្ងាត់មែន ប៉ុន្តែក្នុងចិត្តពួកយើងដឹង និងយល់ច្បាស់ពីទង្វើព្រៃផ្សៃនេះ។ ទោះសរសេរច្រើនជាងនេះ ក៏វាមិនអាចទាមទារឱ្យស្វាមីនាងខ្ញុំត្រឡប់មកវិញបានដែរ។
តែនាងខ្ញុំជឿជាក់ថា នឹងមានថ្ងៃមួយមកដល់ ដែលឃាតកពិត នឹងសងនូវរាល់អ្វីៗដែលគេបានធ្វើ។ សូមវិញ្ញាណក្ខន្ធបង តាមជួយថែរក្សាក្រុមគ្រួសារ និងពលរដ្ឋខ្មែរគ្រប់រូបឱ្យទទួលបានសេចក្តីសុខ និងយុត្តិធម៌៕
No comments:
Post a Comment